bih.button.backtotop.text

ជំងឺមហារីកបំពង់ទឹកប្រម៉ាត់ Bile Duct Cancer

មហារីកបំពង់ទឹកប្រម៉ាត់ អភិវឌ្ឍន៍ក្នុងកោសិកានៃស្រទាប់ខាងក្នុងបំពង់ទឹកប្រម៉ាត់ទាំងផ្នែកក្នុង និងខាងក្រៅថ្លើម។ ភាគច្រើន គឺកើតឡើងលើមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ និងជាទូទៅកើតឡើងលើបុរសច្រើនជាងស្ត្រី។ មហារីកបំពង់ទឹកប្រម៉ាត់ គឺជាបញ្ហាសុខភាពសាធារណៈចម្បងមួយនៅក្នុងតំបន់ដូចជា ភាគឦសាននៃប្រទេសថៃដែលជាកន្លែងមានការបង្ករោគនៃជំងឺដង្កូវក្នុងថ្លើម ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ត្រីទឹកសាបឆៅ។

ប្រភេទនៃជំងឺមហារីកបំពង់ទឹកប្រម៉ាត់
មហារីកបំពង់ទឹកប្រម៉ាត់ មាន២ប្រភេទ គឺអាស្រ័យលើទីតាំងរបស់វា៖ 
  • មហារីកបំពង់ទឹកប្រម៉ាត់ ផ្នែកក្នុងថ្លើម៖  ចាប់ផ្តើមឡើងលើកោសិកាបំពង់ទឹកប្រម៉ាត់ផ្នែកខាងនៃក្នុងថ្លើម។ បន្ទាប់មក កោសិកាមហារីករាលដាលដល់់ថ្លើមដោយរីកលូតលាស់តាមបំពង់ទឹកប្រម៉ាត់ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺមហារីកថ្លើម។ ដោយសារតែ មហារីកបំពង់ទឹកប្រម៉ាត់ផ្នែកក្នុងថ្លើម គឺជួនការធ្វើឲ្យយើងអាចយល់ច្រឡំថាជាជំងឺមហារីកថ្លើម។
  • មហារីកបំពង់ទឹកប្រម៉ាត់ផ្នែកក្រៅថ្លើម៖ ចាប់ផ្តើមឡើងនៅលើបំពង់ទឹកប្រម៉ាត់ផ្នែកខាងក្រៅថ្លើម។ មហារីកបំពង់ទឹកប្រម៉ាត់បានរាំងស្ទះលំហូរនៃទឹកប្រម៉ាត់ដែលបណ្តាលឲ្យលឿងស្បែក និងភ្នែក។
កត្តាប្រឈមចម្បងក្នុងការវិវត្តទៅជាជំងឺមហារីកបំពង់ទឹកប្រម៉ាត់ដែលកើតឡើងនៅភាគឦសាននៃប្រទេសថៃ គឺការបរិភោគត្រីទឹកសាបឆៅដែលនាំឲ្យមានការឆ្លងជំងឺដង្កូវក្នុងថ្លើមនៅក្នុងបំពង់ទឹកប្រម៉ាត់។   កត្តាប្រឈមផ្សេងទៀតដែលវិវត្តទៅជាជំងឺមហារីកបំពង់ទឹកប្រម៉ាត់រួមមាន:
  • ការរលាករ៉ាំរ៉ៃនៃបំពង់ទឹកប្រម៉ាត់
  • ភាពមិនប្រក្រតីនៃបំពង់ទឹកប្រម៉ាត់
  • ជំងឺបំពង់ទឹកប្រម៉ាត់
  • គ្រួសក្នុងបំពង់ទឹកប្រម៉ាត់​
  • រលាកបំពង់ទងប្រម៉ាត់ (ឡើងរឹងក្រាស់)
  • ជំងឺហ្សែនពីកំណើត ដូចជាដុំទឹកលើថង់កូឡេដុក (ថង់ប្រម៉ាត់ដែលតភ្ជាប់ទៅនឹងបំពង់ទឹកប្រម៉ាត់)
នៅក្នុងដំណាក់កាលដំបូង ជាធម្មតាមហារីកបំពង់ទឹកប្រម៉ាត់មិនមានចេញរោគសញ្ញាណាមួយគួរឲ្យកត់សំគាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរ រោគសញ្ញារួមមាន៖
  • ចេញលឿងលើស្បែក និងភ្នែកដោយសារតែមានការស្ទះលំហូរនៃបំពង់ទឹកប្រម៉ាត់
  • មិនសុខស្រួលក្នុងពោះ ហើម មានអារម្មណ៍ថាឆ្អែត
  • ឈឺចាប់ផ្នែកខាងលើខាងស្តាំនៃពោះ អាចឈឺរាលដល់ខ្នង និងស្មា
  • គ្រុនក្តៅដោយគ្មានមូលហេតុ
  • រមាស់លើរាងកាយ
  • លាមកពណ៌ស និងទឹកនោមពណ៌ខ្មៅស្រអាប់
  • ហត់ អស់កម្លាំង
  • បាត់បង់ចំណង់ឃ្លានអាហារ ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • ចង្អោរ  ក្អួត
  • ថ្លើមរីកធំ
វេជ្ជបណ្ឌិតនឹងពិនិត្យមើលពីប្រវត្តិរបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយដោយការធ្វើតេស្តមួយចំនួនដូចខាងក្រោមនេះ៖
  • ការធ្វើតេស្តឈាមដើម្បីវាយតម្លៃពីមុខងារថ្លើម និងពិនិត្យមើលសញ្ញាសំគាល់មហារីកលដែលអាចមាន
  • ការថតអេកូសាស្រ្តថ្លើម និងពោះផ្នែកខាងលើ
  • ការថត CT scan
  • ការថត ( MRI)
ជម្រើសការព្យាបាលដែលសមស្របបំផុតគឺអាស្រ័យលើកត្តាជាច្រើនក្នុងនោះរួមមានសភាពធ្ងន់ធ្ងរនៃជំងឺនេះ ទំហំនិងរូបរាងនៃកោសិកាមហារីក ដំណាក់កាល និងការរីករាលដាលនៃជំងឺមហារីក និងសុខភាពទូទៅរបស់អ្នកជំងឺ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
  • ការវះកាត់គឺជាជម្រើសចម្បងនៃការព្យាបាលជំងឺមហារីកបំពង់ទឹកប្រម៉ាត់
    • ការវះកាត់ដើម្បីយកដុំសាច់ចេញ គឺជាការព្យាបាលលក្ខណៈស្ដង់ដារដ៏មានប្រសិទ្ធិភាពដែលបង្កើនអត្រានៃការរស់រានមានជីវិតរបស់អ្នកជំងឺ។
    • បើសិនជាក្នុងអំឡុងពេលនៃការវះកាត់យកដុំសាច់ចេញ វេជ្ជបណ្ឌិតរកឃើញថាជំងឺមហារីកបានរីករាលដាលមានវិសាលភាពធំដែលមិនអាចកាត់ចេញបាន វេជ្ជបណ្ឌិតវះកាត់នឹងផ្តល់នូវការព្យាបាលសម្រន់ដោយដាក់បំពង់បង្ហូរទឹកប្រម៉ាត់ ដើម្បីកាត់បន្ថយភាពរមាស់ស្បែករបស់អ្នកជំងឺ និងជំងឺខាន់លឿង (លឿងស្បែក និងភ្នែក) ។
  • ERCP (Endoscopic cholangiopancreatography retrograde) គឺជាវិធីសាស្រ្តដែលមិនត្រូវការវះកាត់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលមហារីក។ វិធីសាស្រ្តនេះត្រូវបានប្រើប្រាស់ ក្នុងករណីដែលមានមូលហេតុណាមួយដោយអ្នកជំងឺមិនអាចទទួលការវះកាត់ដើម្បីយកដុំសាច់ចេញបាន។
  • ការព្យាបាលដោយថ្នាំគីមី ឬ វិទ្យុសកម្ម ត្រូវបានប្រើប្រាស់ ប្រសិនបើកោសិកាមហារីកនេះមិនអាចត្រូវបានយកចេញទាំងស្រុង ឬបន្ទាប់ពីការវះកាត់រួច ដើម្បីបង្កើនឱកាសនៃការជាសះស្បើយពេញលេញ។
ការណាត់ជួបដើម្បីតាមដានគឺមានសារសំខាន់ណាស់។  ក្នុងអំឡុងពេលនៃការណាត់ជួបនេះ វេជ្ជបណ្ឌិតនឹងសួរសំណួរអំពីរោគសញ្ញា និងធ្វើការថតអេកូ ឬថតកាំរស្មីអ៊ិច រៀងរាល់ ៣-៦ខែម្តងយ៉ាងហោចក្នុងរយះពេល ២ឆ្នាំបន្ទាប់ពីការព្យាបាលដើម្បីពិនិត្យមើល ចំពោះការកើតមានឡើងវិញនៃជំងឺមហារីកនោះ។
Last modify: ឧសភា 09, 2023

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 8.36 of 10, based on 11 vote(s)

Related Health Blogs