bih.button.backtotop.text

ជំងឺបេះដូងពីកំណើត(CONGENITAL HEART DEFECTS)

ជំងឺបេះដូងពីកំណើត (congenital heart disease) សំដៅទៅលើភាពមិនប្រក្រតីមួយចំនួននៃរចនាសម្ព័ន្ធបេះដូង ឬសរសៃឈាមជុំវិញបេះដូង។ បេះដូងទារកក្នុងស្បូន ជាធម្មតាចាប់ផ្តើមធ្វើការអភិវឌ្ឍនៅក្នុងសប្តាហ៍ទី៥ នៃការមានផ្ទៃពោះ នឹងត្រូវបានកើតឡើងពេញលេញនៅជុំវិញសប្តាហ៍ទី១២ ។ សម្ភារៈហ្សែនដែលគេស្គាល់ថាជាហ្សែនគឺទទួលខុសត្រូវក្នុងការសាងសង់នៃបេះដូងរបស់ទារកនេះ។ ហ្សែនដឹកនាំធ្វើសកម្មភាព បញ្ជា និងរៀបចំរចនាសម្ព័ន្ធរបស់បេះដូង និងដើរតួនាទីក្នុងការរៀបចំប្លង់សម្រាប់រាងកាយផ្សេង ទៀត។ ហ្សែនមួយចំនួនធំត្រូវការជាចាំបាច់សម្រាប់ការអភិវឌ្ឍនៃបេះដូងរបស់ទារកក្នុងអំឡុងពេលមានផ្ទៃពោះ ហ្សែននីមួយៗត្រូវតែអាចរួមគ្នាបានត្រឹមត្រូវ។ ប្រសិនបើមានភាពមិនប្រក្រតីនៃហ្សែនណាមួយ ឬហ្សែនផ្សេងទៀត វាអាចបង្កឱ្យមានភាពមិនប្រក្រតីរចនាសម្ព័ន្ធក្នុងការអភិវឌ្ឍនៃបេះដូងទារកដែលមិនទាន់កើត។ នៅពេលបច្ចុប្បន្ន ភាពមិនប្រក្រតីមួយចំនួនតូចប៉ុណ្ណោះនៃហ្សែនតិចតួចត្រូវបានបង្ហាញបែបវិទ្យាសាស្រ្តក្នុងការបង្កឱ្យមានពិការភាពបេះដូងពីកំណើត និងភាគច្រើននៃអ្នកជំងឺ វេជ្ជបណ្ឌិតមិនអាចកំណត់មូលហេតុពិតប្រាកដនៃជម្ងឺនេះទេ។ ទោះជាយ៉ាងណា វេជ្ជបណ្ឌិតត្រូវដឹងពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺបេះដូងចំពោះទារកក្នុងផ្ទៃដោយការតាមដានលើកត្តាមួយចំនួនអំឡុងពេលមានផ្ទៃពោះដែលបេះដូងទារកកំពុងមានការអភិវឌ្ឍន៏។

កត្តាដែលបង្កើនការប្រឈមនៃជំងឺបេះដូងពីកំណើត
. ប្រភេទជាក់លាក់នៃល័ក្ខខ័ណ្ឌតំណពូជ
·       ជម្ងឺ Down Syndrome វិវត្តនៅពេលដែលទារកមានក្រូម៉ូសូមទី ២១ លើសចាប់ពី២ឡើង ដែលធ្វើឲ្យការអភិវឌ្ឍន៍ផ្នែកសកម្មភាព និងការយល់ដឹងមានការយឺតយ៉ាវ និងមានកំរិតទាបជាងពិន្ទុមធ្យមនៃIQ ។ កុមារប្រមាណ៤០%ដែលមានជម្ងឺ Down Syndrome គឺមានបញ្ហាបេះដូង។
·       ជម្ងឺ Turner Syndrome កើតឡើងនៅពេលដែលទារកចាប់កំណើតមកដោយមានតែក្រូម៉ូសូម អ៊ិចតែមួយ បណ្តាលឲ្យមានកម្ពស់ទាប និងអវត្តមាននៃការមករដូវ (គ្មានកូន)។ ប្រហែលជា ៣០% នៃស្ត្រីដែលមានជំងឺនេះនឹងវិវឌ្ឍន៍ទៅជាជំងឺប្រើសបេះដូង និងមានការរួមតូចនៃសរសៃឈាមនៅជុំវិញបេះដូង។
 
២. កត្តាប្រឈមចំពោះម្តាយអំឡុងពេលមានផ្ទៃពោះ
  • ស្ថានភាពរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់ពួកគេមិនបានគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះនឹងបង្កើនអត្រាប្រឈមដែលកូនរបស់ពួកគេវិវឌ្ឍន៍ទៅជាជំងឺបេះដូងដោយសារជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ រួមទាំងមានការកើតឡើងនៃការខុសទីតាំងនៃសសៃឈាមធំ (Transposition of the Great Arteries) និងសាច់ដុំបេះដូងឡើងក្រាស់។
    ​
    មានជំងឺកំឡុងពេលមានផ្ទៃពោះ ជាពិសេសអំឡុងពេលនៃត្រីមាសដំបូង អាចបង្កផលប៉ះពាល់លើការអភិវឌ្ឍនៃបេះដូងរបស់ទារក។ ប្រសិនបើម្តាយមានផ្ទៃពោះកើតជំងឺស្អូច ឧទាហរណ៍វាអាចបង្កឱ្យមានជំងឺបេះដូងពីកំណើត ក៏ដូចជាធ្វើឲ្យមានពិការភាពដល់សរីរាង្គផ្សេងទៀតដូចជាខួរក្បាល និងភ្នែកជាដើម។ ប្រសិនបើម្តាយមានជំងឺផ្តាសាយអំឡុងពេលមានផ្ទៃពោះ វាបង្កឲ្យមានការកើនឡើងការប្រឈមទ្វេដងនៃជំងឺបេះដូងពីកំណើតផងដែរ។ ដូច្នេះក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាម្តាយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងត្រូវទទួលការចាក់វ៉ាក់សំាងការពារជំងឺកញ្ជ្រឹល និងជំងឺផ្តាសាយ កំឡុងពេលមានផ្ទៃពោះ (ប្រសិនបើនាងមិនទាន់មានប្រព័ន្ធភាពស៊ាំ) ។ លើសពីនេះ ទៀតប្រសិនបើម្តាយមានជំងឺគ្រុនក្តៅខ្លាំងអំឡុងពេលមានផ្ទៃពោះ នេះក៏អាចបង្កឱ្យមានជំងឺបេះដូងពីកំណើតផងដែរ។ ហេតុនេះហើយ ម្តាយគួរតែលេបថ្នាំដើម្បីកាត់បន្ថយរោគសញ្ញាគ្រុនក្តៅអំឡុងពេលមានផ្ទៃពោះ។ ថ្នាំប៉ារ៉ាសេតាម៉ុលជាថ្នាំដែលមានសុវត្ថិភាពសម្រាប់បញ្ចុះកំដៅអំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណាស្រ្តីដែលមានផ្ទៃពោះមិនគួរប្រើថ្នាំផ្សេងទៀត ដូចជាថ្នាំអាស្ពីរីនដើម្បីបញ្ចុះកំដៅនោះទេ ពីព្រោះថ្នាំអាស្ពីរីនអាចបង្កឱ្យមានជំងឺបេះដូងលើទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន ចំពោះការប្រើថ្នាំកាន់តែតិចដែលអាចធ្វើទៅបាន និងពិគ្រោះជាមួយវេជ្ជបណ្ឌិតមុននឹងប្រើប្រាស់ថ្នាំណាមួយអំឡុងពេលមានផ្ទៃពោះ។
    
    ការប្រើប្រាស់ថ្នាំ ឬគ្រឿងស្រវឹងផ្សេងៗអំឡុងពេលមានផ្ទៃពោះ
១. ការប្រើគ្រឿងស្រវឹង ឬថ្នាំអំឡុងពេលមានផ្ទៃពោះអាចបង្កឱ្យមានជំងឺបេះដូង និងពិការសរីរាង្គផ្សេងទៀតដល់ទារកក្នុងផ្ទៃ រួមទាំងការពិការភាពខួរក្បាលផងដែរ។ ភាពធ្ងន់ធ្ងរនៃជំងឺនេះវានឹងអាស្រ័យលើបរិមាណថ្នាំ ឬជាតិស្រវឹងដែលម្តាយប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។ វិធីល្អបំផុតដើម្បីការពារនឹងពិការភាពបែបនេះគឺម្តាយត្រូវជៀសវាងការផឹកស្រា និងការប្រើថ្នាំញៀនក្នុងរយៈពេលនៃការមានផ្ទៃពោះ។
២. ម្តាយគួរតែជៀសវាងការប្រើថ្នាំផ្សេងទៀតដូចជា ថ្នាំបំបាត់ការប្រកាច់  អាយប៊ុយប្រូហ្វែន និងថ្នាំព្យាបាលចំណុចស្លាក ឬកើតមុន ដែលបណ្តាលឲ្យកង្វះសារជាតិវីតាមីន A (retinol) ក្នុងទំរង់ជាក្រែមលាបស្បែក និងថ្នាំគ្រាប់។
៣. ម្តាយគួរជៀសវាងការប៉ះពាល់ជាមួយប្រភេទជាក់លាក់នៃសារធាតុគីមី ដូចជាថ្នាំលាប​ជញ្ជាំង ឬគូសគំនូរ ទឹកថ្នាំលាងជំរះខ្លាញ់និងទឹកលាងក្រចក។ 
 

 
រោគសញ្ញានៃជំងឺបេះដូងគឺអាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃបញ្ហាបេះដូងដែលកំពុងកើតមាន។ ចំពោះអ្នកជំងឺដែលមានជំងឺបេះដូងស្រាល ជាធម្មតាគឺបង្ហាញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា។ ទោះជាយ៉ាងណា ចំពោះករណីធ្ងន់ធ្ងរ អាចនឹងមានរោគសញ្ញាដូចខាងក្រោម:
·       មានជាំខៀវលើស្បែក បបូរមាត់ ក្រចកដៃ និងស្រទាប់ផ្នែកខាងក្នុងមាត់ (ស្វាយ)
·       ចង្វាក់បេះដូងដើរញាប់
·       ដកដង្ហើមញាប់ ឬ ពិបាកដកដង្ហើម
·       ងាយអស់កម្លាំង ការបៅដោះថយចុះ ដោយសារតែការអស់កម្លាំង
·       មិនឡើងទម្ងន់ ឬទម្ងន់កើនឡើងមិនសមស្រប
បែកញើសច្រើនខុសធម្ម
ពិនិត្យតាមដានការអភិវឌ្ឍន៍របស់កុមារដោយប្រើប្រាស់ការថតអេកូសាស្រ្ត ប្រភេទមួយចំនួននៃជំងឺបេះដូងពីកំណើតអាចត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងកំឡុងពេលទារកនៅក្នុងផ្ទៃម្តាយ។ ទោះជាយ៉ាងណា មិនប្រក្រតីមួយចំនួនអាចត្រូវបានរកឃើញតែនៅពេលបន្ទាប់ពីទារកកើតមកតែប៉ុណ្ណោះ និងជាញឹកញាប់ ជំងឺបេះដូងពីកំណើតអាចនឹងត្រូវបានរកឃើញនៅពេលដែលកុមារធំ ឬពេញវ័យ។ ប្រសិនបើវេជ្ជបណ្ឌិតសង្ស័យថាកុមារណាម្នាក់មានជំងឺបេះដូងពីកំណើត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយរបស់កុមារ និងអាចត្រូវការធ្វើតេស្តបន្ថែមទៀត ដូចរៀបរាប់ខាងក្រោម:
·       ឆ្លុះអេកូដោយប្រើរលកសំលេងដែលមានហ្វ្រេកង់ខ្ពស់(Ultrasound wave) ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធខាងក្នុងនៃបេះដូង ដូចជាប្រឹសបេះដូង និងមុខងារនៃបេះដូង។
·       EKG ដែលប្រើប្រាស់ដើម្បីវាស់ពីសកម្មភាពអគ្គិសនីនៃបេះដូង។ វាវាស់ពីបរិមាណនៃអគ្គិសនី និងរយះពេលចរន្តអគ្គិសនីឆ្លងកាត់បេះដូង ដូច្នេះវេជ្ជបណ្ឌិតអាចនឹងរកឃើញថាតើផ្នែកណាមួយនៃបេះដូងរីកធំ ឬធ្វើការខ្លាំង។
·       ការថតកាំរស្មីអ៊ិចនៅទ្រូង ដែលអាចពិនិត្យទំហំ និងទីតាំងនៃបេះដូងព្រម រួមទាំងស្ថានភាពនៃសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់សួត។
·       ការចាក់បញ្ចូលកាតេទែចូលក្នុងបេះដូង (cardiac catherterization)  ដែលសំដៅទៅលើការបញ្ចូលបំពង់ប្លាស្ទិចតូចមួយ (គេស្គាល់ថាជាកាតេទែ) ចូលទៅក្នុងសរសៃឈាមធំ ជាធម្មតានៅក្រលៀន ឬសងខាងនៃក។ បន្ទាប់មកបំពង់នោះត្រូវបានរុញឆ្ពោះចូលទៅក្នុងប្រអប់បេះដូង  ដែលជាកន្លែងយើងអាចវាស់សម្ពាធ និងកម្រិតអុកស៊ីសែនក្នុងឈាម នៅក្នុងគោលបំណងដើម្បីពិនិត្យមើលមុខងារនៃបេះដូងនោះ។ លើសពីនេះទៀត វេជ្ជបណ្ឌិតអាចចាក់ថ្នាំព៌ណពិសេសម្យ៉ាង (គេស្គាល់ថា Contrast Medium) ចូលទៅក្នុងបេះដូងនៅក្នុងគោលបំណងដើម្បីពិនិត្យមើលការការងារបេះដូងដោយប្រើប្រាស់វីដេអូកាំរស្មីអ៊ិច ។
·       ការថត MRI ដែលអាចពិនិត្យរចនាសម្ព័ន្ធនៃបេះដូង និងបង្កើតនូវរូបភាព 3-D របស់បេះដូងដោយប្រើប្រាស់ដែនម៉ាញេទិក និងរំញ័រនៃថាមពលរលកវិទ្យុ។
·       ការថតស៊ីធីស្កែន ដែលអាចពិនិត្យរចនាសម្ព័ន្ធនៃបេះដូងដោយប្រើកុំព្យូទ័រកាំរស្មីអ៊ិច។
អ្នកជំងឺបេះដូងពីកំណើតដែលមានកម្រិតស្រាលគឺមិនមានរោគសញ្ញានោះទេ និងមានការលូតលាស់តាមគំរូកំណើនធម្មតាជាទូទៅគឺមិនតម្រូវឱ្យមានការព្យាបាលនោះទេ។ ទោះជាយ៉ាងណា អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរដូចជាការខ្សោយបេះដូង ហត់ ឬងាយអស់កម្លាំង ទំនងជានឹងត្រូវលេបថ្នាំដើម្បីគ្រប់គ្រងរោគសញ្ញារបស់វា។ ទោះយ៉ាងណា បើរោគសញ្ញាមិនមានភាពប្រសើរឡើងបន្ទាប់ពីព្យាបាលទេ គឺចំាបាច់ត្រូវធ្វើទំរង់ការដោយចាក់កាតេទែ ឬធ្វើការវះកាត់ដើម្បីព្យាបាលបញ្ហានោះ។ ប្រភេទជាក់លាក់នៃជំងឺ ដូចជា ប្រហោងជញ្ជាំងបេះដូងអាចព្យាបាលបានដោយប្រើការចាក់បញ្ចូលកាតេទែចូលក្នុងបេះដូង ដូច្នេះអាចជៀសវាងការវះកាត់បើកបេះដូងបាន។ ក្នុងអំឡុងពេលនៃការធ្វើការចាក់បញ្ចូលកាតេទែ ឧបករណ៍ពិសេសមួយត្រូវបានគេដាក់ភ្ជាប់នៅផ្នែកខាងចុងនៃបំពង់ប្លាស្ទិច។ បំពង់ប្លាស្ទិចនេះត្រូវបានដាក់បញ្ចូលទៅក្នុងសរសៃឈាមធំ ជាទូទៅតាមក្រលៀន និងរុញចូលទៅក្នុងបេះដូងទៅដល់កន្លែងដែលប្រហោង។ បន្ទាប់មកឧបករណ៍នេះនឹងត្រូវប្រើដើម្បីបិទភ្ជាប់ប្រហោងនោះ។
·       ការលូតលាស់ និងការអភិវឌ្ឍន៍៖ កត្តាមួយចំនួនដែលទាក់ទងទៅនឹងជំងឺបេះដូងពីកំណើតអាចរំខានដល់ការលូលាស់របស់ទារក។ ទាំងនេះរួមមាន បេះដូងដើរញាប់ ចង្វាក់ដង្ហើមកើនឡើង មិនឃ្លានអាហារ និងការថយចុះរបបអាហារដោយសារហត់ និងភាពអស់កម្លាំង។ មូលហេតុចម្បងជាងគេដែលកុមារមិនឡើងទម្ងន់ គឺដោយសារកុមារមិនបានបរិភោគអាហារដែលមានកាឡូរី និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ប៉ុន្តែបើទោះបីជាកុមារ ហាក់ដូចជាទទួលទានទឹកដោះគោបានគ្រប់គ្រាន់ក៏ដោយ កុមារនោះនៅតែឡើងទម្ងន់យឺតដោយសារតែតម្រូវការនៃកាឡូរីកើនឡើង។ ការកើនឡើងទម្ងន់ពី ២៥០-៤៥០ក្រាមក្នុងមួយខែ គឺជាការកើនឡើងដែលអាចទទួលយកបានសម្រាប់ទារកដែលមានជម្ងឺបេះដូង។
·       កុមារភាគច្រើនដែលមានបញ្ហាបេះដូងពីកំណើតអាចទៅសាលា និងចូលរួមយ៉ាងពេញលេញដូចកុមារដ៏ទៃដែរ។ ទោះជាយ៉ាងណា កុមារមួយចំនួនអាចមានការយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ ឬពិបាកក្នុងការសិក្សា។ វេជ្ជបណ្ឌិតប្រចាំរបស់កុមារអាចផ្តល់អនុសាសន៍ក្នុងការធ្វើតេស្ត និងធ្វើការជាមួយឪពុកម្តាយដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់ព្យាបាលកុមារ។
·       ជំងឺបេះដូងអាចបណ្តាលឲ្យមានការកើនឡើងនៃការប្រឈមចំពោះការឆ្លងមេរោគលើជាលិកាបេះដូង (endocarditis) ។ មាត់ គឺជាប្រភពចំបងនៃមេរោគដែល បណ្តាលឱ្យមានការបង្កមេរោគ។ ដូច្នេះអនាម័យមាត់ធ្មេញល្អ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការការពារការឆ្លងរោគនៅបេះដូង។ កុមារមួយចំនួនដែលមានជំងឺបេះដូងពីកំណើតអាចនឹងតម្រូវឲ្យប្រើប្រាស់ថ្នាំប្រឆាំងបាក់តេរីមុនពេលធ្វើការវះកាត់ ឬទទួលការព្យាបាលមាត់ធ្មេញដើម្បីការពារការឆ្លងរោគនៅបេះដូង។
·       កុមារមួយចំនួនដែលមានបញ្ហាបេះដូងពីកំណើតទាមទារឱ្យធ្វើការវះកាត់ ឬទម្រង់ការជាច្រើនពេញមួយជីវិតពួកគេ។ ទោះបីជាក្រោយការវះកាត់ព្យាបាលក៏ដោយ កុមារទាំងនេះតម្រូវឱ្យមានការថែទាំជាបន្តសម្រាប់អស់មួយជីវិត។
Last modify: មេសា 25, 2024

Related Treatments

Doctors Related

Related Centers

មជ្ឈមណ្ឌលកុមារ (ពេទ្យកុមារ)

Learn more

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.76 of 10, based on 66 vote(s)

Related Health Blogs